សំណួរ ៖ ចុះ​ការ​សន្និដ្ឋាន​​ហ្នឹង​​ក្លាយ​ជា​ការ​ពិត​ដែរ​​ទេ បើ​មាន​បុរស​តាម​លោកស្រី​ច្រើន​​មែន​អញ្ចឹង?
ចម្លើយ៖ ធម្មតា ​យើង​នៅ​ក្នុង​វ័យ​មួយ​ដែល​នៅ​មាន​រូប​សម្រស់​នៅ​មាន​ភាព​ស្វាហាប់​ទាក់ទាញ វា​ធម្មតា​ទេ​ដែល​មាន​មនុស្ស​មក​ស្រលាញ់ ជា​ការពិត​ពេលខ្លះ​ដូច​លើក​ទឹក​ចិត្ត យើង​អោយ​កាន់តែ​ស្រលាញ់​ខ្លួនឯង ការ​រំភើប​អី​​ចេះ​តែ​មាន​ហើយ​ក្មួយ តែ​ដំណាក់កាល​អស់ហ្នឹង​ទុក​អោយ​ខ្ញុំ​  Philosophy ​ មួយ !
សំណួរ ៖ តើ​ក្នុង​តួនាទី​កន្លង​មក តើ​លោកស្រី​ធ្លាប់​ដែល​ទទួល​រង​ការ​បំបាក់​ទឹក​ចិត្ត​ផ្សេងៗ​ទេ? ហើយ​ដោះស្រាយ​ដោយ​វិធី ណា?
ចម្លើយ៖ ការ ​បាក់​ទឹកចិត្ត​ជានិច្ច​ជា កាល​ដើរ ទន្ទឹម​​ជាមួយ​ជីវិត​យើង​អ្នកណា​ក៏​ធ្លាប់​មាន ដែរ​ទោះ​អ្នកណា​ក៏​ដោយ ពេលខ្លះ​ត្រូវ​គិត​ថា​វា​ជា​ជីវិត មនុស្ស​ចាប់​ពី​ពីរ នាក់​​ទៅ​មាន​ការ​គិត ខុសគ្នា សំខាន់​មិនមែន​រក​មធ្យោបាយ​ប្រឆាំង​គ្នា​ទេ​តែ​ត្រូវ​ការពារ​កុំ​អោយ​ ខ្លួនឯង​បាក់​ជាង នេះ។នៅ ទីនេះ​បើ សិន ​មានអី​មិនសូវ​សប្បាយចិត្ត ខ្ញុំ​លើកទឹកចិត្ត​ខ្លួនឯង​ដោយ ចុះ​ទៅ​ធ្វើការ​ជាមួយ​សហគមន៍ ពួកគាត់​ធ្វើអាយ​ខ្ញុំ មាន​កម្លាំងចិត្ត​ដោយសារ​យើង​មាន​​អារម្មណ៍​ថា​​យើង​កំពុង​បាន​ធ្វើ អ្វីមួយ​ដើម្បី​មនុស្ស​ដែល​គេ​កំពុង​ត្រូវការ​យើង!ចំណែក​កាល​នៅ​អាមេរិក គឺ​មាន​គេ​​នាំ​យើង​​អោយ​ធ្វើ​រឿង​​មិនសូវ​​ត្រឹមត្រូវ​ទាក់ទង​នឹង​លុយកាក់ ហើយ គេ​មាន​តួនាទី​ធំ​យើង​ពិបាក​ប្រកែក ខ្ញុំ​ពិបាកចិត្ត​តែ​ខ្ញុំ​អត់​ព្រម​ធ្វើ​តាម​គេ​ទេ រហូត​ដល់​គេ​គាប​សង្កត់​យើង​គ្រប់​មធ្យោបាយ បាក់ទឹកចិត្ត តែ​ខ្ញុំ​ស៊ូ រហូត​ដល់​គេ​ត្រូវ​ចុះ​ចាញ់ គឺ​ធ្វើ អី​យើង​លែង​បាន !ខ្ញុំ​ថា​​នៅ​រាល់​ពេល​បាក់​ទឹកចិត្ត យើង​គួរ​រក​​មនុស្ស​​អាច​ជួយ​លើក​ទឹក​ចិត្ត​វិញ បើមិនអញ្ចឹងទេ គឺ​ត្រូវ​តស៊ូ​ដល់​ទី​បំផុត​មិន​អាច​ទន់ជ្រាយ​ទេ។
លោកស្រី ធីតា ឃិះ Thida Khus គឺ​ជា​ស្ត្រី​កម្ពុជា​ដ៏ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​។ ជាមួយ​នឹង​តួនាទី​ជាន់ខ្ពស់​ជា​ច្រើន​​ទាំង​​ក្នុង​និង​ក្រៅ​ប្រទេស មនុស្សជាច្រើន បាន​យល់​ខុស​ថា​ លោកស្រី ធីតា​ ឃិះ មាន​ស្វាមី​បរទេស​រឹ​ក៏​មាន​ប្រវត្តិសិក្សា​កាល​យុវវ័យ​នៅ​ប្រទេស​អ្នក​មាន​ ណា​មួយ។
តាមពិត ​លោកស្រី​ជា​កុលធីតា ខ្មែរ ដែល​បាន​ទទួល​ការ​សិក្សា​នៅ​បឋមសិក្សា​បទុម​រាជា ​(សាលា​នរោត្តម​បច្ចុប្បន្ន)​ដោយ​ប្រើ​ភាសា​បារាំង​ជា​យាន។ លោកស្រី​មាន​ស្វាមី​ឈ្មោះ​ ឃិះ ជាវ ជា​យុវជន​ខ្មែរ​មាន​កំណើត​ពី​ឃុំ​​កំពង់ឃ្លាំង​ ខេត្ត​សៀមរាប ​ដែល​ជា​បុរស​ខ្មែរ​ទីមួយ ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​គណិតវិទ្យា​មក​ពី​សហរដ្ឋអាមេរិក។ លោក​ឃិះ​ ជាវ ​បាន​ចាកចេញ​ទៅ​បំពេញ​ការងារ​នៅ​ក្រុង​បាងកក​ នា​ឆ្នាំ១៩៧៤​ដល់​ឆ្នាំ១៩៧៩ ជា​អំឡុង​ពេល​ដែល​លោកស្រី​ធីតា​ឃិះ​សិក្សា​បន្ត​បរិញ្ញាបត្រ​ផ្នែក​​ អក្សរសាស្ត្រ​អង់គ្លេស​នៅទីនោះ ជា​មួយ​មហាវិទ្យាល័យ AIT (Asian Institute of Technology)។


ស្រ្តី​ខ្មែរ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ជន ​ភៀស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​រូប​នេះ បាន​ពង្រឹង​តួនាទី​សង្គម​របស់​ខ្លួន​ដោយ​ចាប់ផ្ដើម​ពី​ការងារ​ជា​អ្នក​ ស្ម័គ្រចិត្ត អ្នក​សម្របសម្រួល​សេវា​សង្គមកិច្ច ជា​ស្ថាបនិក​សមាគមខ្មែរ​មួយ ជា​សមាជិក​ក្រុម​តស៊ូមតិ  រហូត​ដល់ជា​នាយិកា​សភា​សម្ព័ន្ធ​អង្គការ​ខ្មែរ​ទំាំង​ជាង​១០០​នៅ​ សហរដ្ឋអាមេរិក។


កាល​ពី​ថ្ងៃអង្គារ​សប្ដាហ៍​នេះ ខ្ញុំមាន​ពេល១ម៉ោង​សម្រាប់ ជជែក​ជាមួយ​លោកស្រី​នៅឯ​ អង្គការ​ SILAKAទី ​ដែល​លោកស្រី​កំពុង​មាន​តួនាទី​ជា​នាយិកា​ប្រតិបត្តិ។ មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ដែល​លោកស្រី​បញ្ចេញ​អោយ​ខ្ញុំដឹង ហើយ​ដែល​ខ្ញុំ​ជឿ​ថា មាន​ផលប្រយោជន៍​ជា​អនេក​ចំពោះ​យុវនារី​ខ្មែរ​ជំនាន់​ក្រោយ។


សំណួរ ៖ ជម្រាប​សួ​រ​លោកស្រី!ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ដ៏​មាន​ជោគជ័យ​មួយរូប ​តើ​លោកស្រី​អាច​រំលឹក​បានទេ​ពី​ក្ដី​ប្រាថ្នា​នានា​កាលពី​នៅ​ជា​យុវវ័យ?


ចម្លើយ៖ ខ្ញុំ​នៅ​ឆ្ងាយ​ពី​លក្ខខណ្ឌ​របស់​យុវនារី​យើង​បច្ចុប្បន្ន​នេះ​ណាស់! ក្មួយ​ដឹង​ហើយ សម័យ​នោះ ជា​សម័យ​តឹងរឹង! នារី​វ័យក្មេង​មិនទាន់​រៀបការ​ត្រូវ​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​គ្រួសារ​ ឪពុកម្ដាយ​រឺ​បង​ប្រុស!​ខ្ញុំ​រៀន​នៅ​សាលា​បទុម​រាជា​ជា​សាលា​ដែល​មាន​តែ​ សិស្ស ស្រី និង​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​មនុស្ស​ផ្ទុយ ភេទ​រហូត​ដល់​ថ្ងៃ​រៀបការ​លើកលែង​តែ​សមាជិក​គ្រួសារ។ ការ​សិក្សា​របស់​ខ្ញុំ អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ គឺ​ខ្ញុំ​មាន​អ្នក​តម្រង់ ទិស​អោយ​រួច​ជា​ស្រេច​គឺ​បង​ប្រុស ខ្ញុំ​និង​ឪពុកម្ដាយ។ ក្រោយ​មក​ខ្ញុំ​មាន​ការផ្លាស់ប្ដូរ​ដ៏​សំខាន់ មួយ​គឺ បាន​ស្វាមី​ជា​មនុស្ស​ដែល​ចូលចិត្ត​ជំរុញ​អោយ​ខ្ញុំ​ម្ចាស់ការ!


សំណួរ ៖ លោកស្រី​មិនមែន​មានន័យ​ថា​ដោយសារ​តែ​ការ​ជំរុញ នោះ​ទើប​លោកស្រី​អាច​ក្លាយ​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​ទេ​មែន​ទេ?


ចម្លើយ៖ សម្រាប់ ​ឆ្ពោះ​ទៅ​ជោគជ័យ ត្រូវ​ការ​កត្តា​គួបផ្សំ​ច្រើន។ ស្វាមី​ខ្ញុំ ជា​មនុស្ស​បើកទូលាយ​នឹង​លើក​ទឹកចិត្ត​អាច​ថា​ជា​ឱកាស​មួយ ការ​ប្រឹងប្រែង ​និង​និស្ស័យ​ពី​កំណើត​ជា​កត្តា​សំខាន់​មួយ​ទៀត។ សម័យ​នោះ ​ស្ត្រី​ខ្មែរ​ជា​ច្រើន​រស់​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​បុរស តែ​ខ្ញុំ គិត​ផ្ទុយ​ពី​ពួកគេ​តាំង​ពី​ពេល​នោះ ខ្ញុំ​ចង់​មាន​ការងារ​ធ្វើ​មាន​ចំណូល និង​មិន​ចេះ​សុំ​លុយ​ប្តី​ទាល់​តែ​សោះ។ អញ្ចឹងហើយ​បានជា​មាន​កូន​បីនាក់​ហើយ​ ខ្ញុំ​នៅ​​តែ​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​នៅ​ស្រុក​ថៃ។ នៅឆ្នាំ៧៩ ខ្ញុំ​នឹង​ប្តី​មិន​អាច​វិល​មក​ស្រុក​វិញ​ទេ ​ទោះ​បី​របប​ប៉ុលពត​ចប់​ហើយ ក៏​ដោយ​ព្រោះ​ខ្ញុំ​ចេញ​ទៅកាន់​Passport របប​លន់ នល់ ​ខ្ញុំ​មិន​អាច​ចូល​ស្រុក​ក៏​ក្លាយ​ជា​ជន​ភៀស​ខ្លួន ដោយ​មាន​បងប្អូន​ច្រើន​នៅ​បារាំង​និង​អាមេរិក ខ្ញុំ​ក៏​រក​អ្នក​ធានា​អោយ​ចេញ​ទៅ​ប្រទេស​ទី​បី។ ទៅ​ដល់​នោះ ត្បិត​តែ​មាន​កូន​តូច​ក្នុង​បន្ទុក ខ្ញុំ​ក៏​អត់​ព្រម​សំងំ​ធ្វើ​ជា​មេផ្ទះ​ដែរ ខ្ញុំ​ចូល​ធ្វើការ​ស្ម័គ្រចិត្ត​ខាង​ជួយ​ជន​ភៀស​ខ្លួន​រហូត​បាន​បទពិសោធន៍ ​ក្រោយ​មក ក៏​បង្កើត​សមាគម​ខ្លួន​ឯង​ផ្ដល់​សេវា​សង្គមកិច្ច​ដល់​ជនភៀសខ្លួន​គ្រប់​ជាតិ ​សាសន៍​នៅ​ San Antonio ​Texas។
រូបថត ប៉ែន ប៊ុនថាល់


សំណួរ ៖ ក្រោយ​មក​ លោកស្រី​បាន​ជ្រើស​ជានាយិកា​សភា​សម្ព័ន្ធ​អង្គការ​ខ្មែរ​ទាំង​ជាង​១០០​នៅ​ សហរដ្ឋអាមេរិក ​ដែល​មាន​ការិយាល័យ​នៅ​Washington DC ដោយ​សារ​អ្វី​ដែរ?


ចម្លើយ៖ ខ្ញុំ និយាយ​មែនទែន​គឺ​ខ្ញុំ​អត់ ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​ទេ! វា​មាន​សម្ពាធ​ខ្លាំង តែ​ដោយ​សារ​បទ​ពិសោធន៍​ធ្វើការ​កន្លង​មក​ជួប​បញ្ហា​ខ្លះ​ធ្វើ​អោយ​ខ្ញុំ​គិត ​ថា ​​យើង​ធ្វើ​ជា​មេដឹកនាំ​ពិបាក​ម្យ៉ាង ប៉ុន្តែ​បើ​មាន​មេដឹកនាំ​មិន​ល្អ កាន់​តែ​ពិបាក ដូច្នេះ​ទោះ​លំបាក តែ​ហោច​ណាស់​យើង​ជា​ម្ចាស់​លើ​វាសនា​ខ្លួន​យើង ហើយ​ខ្មែរ​យើង​និយាយ ទៅ​មិន​សូវ​ចូលចិត្ត​ទេ​អា រឿង​ចេញ​មុខ​ចេញមាត់ ធ្វើការ​ធ្វើ តែ​បើ​​រឿង​អោយ​ចេញ​មុខ​ចេញ​មាត់​​​ចេះ​តែ​រុញ​គ្នា ពេលនោះ ​ខ្ញុំ​ក៏​អញ្ចឹង​ដែរ​តែ​ម្ដងម្កាល​ចេះ​តែ​មាន​គំនិត​សួរ​ខ្លួនឯង​ថា បើ​ម្នាក់ៗ​ចេះ​តែ​អត់​ចង់​ចេញមុខ​​តើ​អោយ​អ្នកណា​មួយ​ចេញវិញ? ពេលណា​គេ​ទទួល​ស្គាល់​ដឹង​ពី​តម្លៃ​ស្ត្រី​កើត? ទីបំផុត​ក៏​តាំង​ចិត្ត ថា​ចាប់​តួនាទី​​ជា​ស្ត្រី​ក្នុង​ភាព​​ជា​អ្នកដឹកនាំ​ហ្នឹង​ម៉ោ​រហូត​ទៅ!


សំណួរ ៖ ចុះ​ក្រោយ​មក អ្វី​ទៅ​ដែល​នាំ​លោកស្រី​អោយ​ត្រឡប់​មក​កម្ពុជា​វិញ?
ចម្លើយ៖ បើ​តាម​ត្រង់​ទៅ​គឺ ដោយសារ​ការងារ​នៅ​អាមេរិក​ច្រើន​ហើយ​បាន​ទទួល​កិត្តិយស​ផង អត់​ដែល​គិត​ថា​ដូរ​ការងារ​ទេ កាល​ឆ្នាំ​១៩៩៣​ ស្រុក​យើង​ល្អ​វិញ​ធម្មតា ខ្ញុំថា​មក​លេង​៦ខែ​ប៉ុណ្ណឹង។ ប៉ុន្តែ​ដល់​បាន​មក ក៏​មាន​មនោសញ្ចេតនា។ និយាយ​រួម​តាំងពី​យុវវ័យ​មក  ខ្ញុំមាន​អនុស្សាវរីយ ច្រើន​នៅ​ក្រុងកែប មាន​អនុស្សាវរីយ​ជាមួយ​ទឹក​សមុទ្រ​ខ្មែរ ចម្ការ​កាហ្វេ​អី ហ្នឹង​ព្រោះ​គ្រួសារ​ខ្ញុំ​មាន​ចម្ការ ហើយ​ឧស្សាហ៍​ទៅលេង​ជានិច្ច​កាលពី​នៅ​ក្មេងៗ។ដល់​ពេល​ត្រឡប់​មក​ស្រុក អនុស្សាវរីយ៍​ចាស់ រើ​ឡើង​ទៅ​ដល់​អាមេរិក​វិញ​ចេះ​តែ​មាន​ជំងឺ​នឹក​ស្រុក​ខ្មែរ។នៅ​ស្រុក​គេ ក្មួយ​ត្រូវ​ដឹង​ថា ខ្មែរ​យើង​អោយ​តែ​ជួបជុំ​គ្នា​និយាយ​លេង​គឺ​គ្មាន​អី​ក្រៅ​ពី​និយាយ​រឿង​ ស្រុក​ខ្មែរ​ទេ។ខ្ញុំ​មក​ពីរ​លើក​បាន​សម្រេច​ថា​ត្រូវ​តែ​ត្រលប់​មក នៅ​ទីនេះ​វិញ។គឺ​ពេល​កំពុង​ជិះ​ទូក​ឆ្លង​ទៅ​កោះទន្សាយ ស្រាប់​តែ​នឹក​ក្នុង​ចិត្ត​ថា ត្រូវតែ​ត្រឡប់​មក​នៅ​ស្រុក​ខ្មែរ​វិ​ញ។


សំណួរ ៖ លោកស្រី​កសាង​អង្គការSILAKAដោយ​របៀប​ណា​ដែរ?
ចម្លើយ៖ ពីដំបូង​គឺ​នៅឆ្នាំ​១៩៩៧ ​ដែលខ្ញុំ​មកដល់​គឺ​មិនទាន់​បាន​បង្កើត​អង្គការ​ទេ គ្រាន់តែ​សម្របសម្រួល​នាំ​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​មក​ជួយ​តាម​អង្គការ​ នៅ​ក្នុង​ស្រុក​យើង ដោយ​មាន​កម្មវិធី​មួយ​ឈ្មោះ​ Cando។ ហើយ​ចាប់​ពី​ពេលនោះ ក៏​ចេះ​តែ​ដើរ​ជួយ​រៀបចំ​អង្គការ សមាគម​អោយអ្នក​នេះ​អ្នក​នោះ ចូលរួម​ជាមួយ​ចលនា​មហាជន​ជំរុញ​អោយ​មាន​វប្បធម៌​អហិង្សា  ផ្សព្វផ្សាយ​មធ្យោបាយ​ដោះស្រាយ​ទំនាស់។ អង្គការ​ SILAKA នេះ​បង្កើត ឡើង​ក្រោយពេល​ដែល​ខ្ញុំ​​សម្គាល់​ឃើញ​ពិតប្រាកដ​ថា កម្ពុជា​យើង​ត្រូវការ​អាទិភាព​​​នូវការ​បង្កើនធនធានមនុស្សបង្កើន​សមត្ថភាព​ មន្ត្រី​ទាំង​ខាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ទើប​បង្កើត​ឡើងមក។

សំណួរ ៖ ចុះ​ហេតុអ្វី​បានជា​លោកស្រី​មិន ចូលរួម​ជាមួយ​គណបក្ស​នយោបាយ?

ចម្លើយ៖ ខ្ញុំ ​ដឹង​ច្បាស់​ថា ការងារ​ហ្នឹង​មិន​ស័ក្ដិសម​នឹង​មនុស្ស​ដូចខ្ញុំ! ខ្ញុំ​ចូលចិត្ត​ធ្វើអី​​ដោយឯករាជ្យ​បម្រើ​ឧត្ដមគតិ​មួយ​ផ្សេង​ដាច់​ដោយ​ឡែក​ របស់​ខ្ញុំ ហើយ​ខ្ញុំ មិនសូវ​ពូកែ​បត់បែន​ជាមួយ​សកម្មភាព​ ដែលផ្ទុយ​នឹង​គំនិត ឬចំណេះដឹង​ខ្លួន​ផង។ ទោះ​តែ នយោបាយ​សំខាន់ ខ្ញុំក៏បាន​ចូលរួម​ជាមួយ​គណៈកម្មការ ស្ត្រី​​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ដែរ ទោះជា​សង្គមស៊ីវិល​តែ​វា​​ដូច​តែ​គ្នា​ទេ!


សំណួរ ៖ មាន​បុរស​ខ្មែរ​ជាច្រើន​តែងតែ​គិតថា នៅ​ពេល​ដែល​នារី​ម្នាក់​មាន​តួនាទី​ខ្ពស់​ក្នុង​សង្គម​គាត់​អាច​នឹង​ប្រឈម​ មុខ​ចំពោះ​​ការ​បាក់បែក​គ្រួសារ រឺ​អាច​ថា​​គាត់​មាន​ឱកាស​ច្រើន​​ក្នុង​ការ​កសាង​គ្រួសារ​ថ្មី ចុះ​ផ្អែក​លើ​បទ​ពិសោធន៍​លោកស្រី​វិញ?


ចម្លើយ៖ គេ​និយាយ​ហ្នឹង​អាច​ត្រូវ​ខ្លះ! រវាង​អ្នក​នៅ​តែ​ផ្ទះ​នឹង​​អ្នក​ចេញ​ដើរ​ខាងក្រៅ​ឱកាស​ជួប​មនុស្សម្នា​ថ្មីៗ ​ច្បាស់​ជា​ខុស​គ្នា! ជាក់ស្ដែង ខ្ញុំ​មាន​កូន​មាន​ប្ដី​តែ នៅ​តែ​មាន​បុរស​មួយ​ចំនួន​បង្ហាញ​ខ្លួន​មក! ខ្ញុំ​ធ្វើការ​នៅ Washington ទុក​កូន​នៅ Texas អោយ​ប្តី​មើល ខ្លួនឯង​មួយខែ​បាន​ទៅ​ផ្ទះ​ម្ដង។ កុំថា​នៅ​ស្រុក​យើង នៅ​អាមេរិក​ក៏ ខ្មែរ​យើង​នៅ​ទីនោះ​ហើយ​នៅតែ​ខ្លះ​លប លួច​រិះគន់​ខ្ញុំ​ថា​បែប​
មិនមែន​ស្រី ខ្មែរ​ទេ តិចទៀត​អី អាច​ចាញ់​បោក​បុរស​ណា ហើយ!


សំណួរ ៖ គឺ​អ្វី​ទៅ​លោកស្រី?
ចម្លើយ៖ គឺ​មនុស្ស ស្រី​មិន​ងាយ​ផិត​ប្តី​ទេ ​!ប្រសិន​បើ​ជា​បុរស​វិញ ប្រហែល​អាច​កើត​ឡើង​អ្វីៗ​ឆាប់​ណាស់​តែ​ស្ត្រី​អត់​បាន!យើង​មាន​រំភើប មាន​អារម្មណ៍​ដូច​យុវវ័យ ព្រោះ​​យើង​មាន​ឱកាស​មែន តែ​យើង​មាន​សីលធម៌! ពិសោធន៍​ខ្លួន​ឯង ខ្ញុំ​យល់​ថា​ស្ត្រី​មាន​សីលធម៌​ខ្ពស់ ក្នុង​កម្រិត​មួយ ដែល​មាន​ឥទ្ធិលាភ លើ​រឿង​អស់​ហ្នឹង​ទៀត​ទប់​យើង​បាន ចំណេះដឹង​យើង អោយ​យើង​គិត គឺ​មិន អាច​កើត​ឡើង​បាន​ទេ រឿង​ផ្ដេសផ្ដាស ទោះបី​យ៉ាងណា​ស្ត្រី​ម្នាក់​​អាច​ផិត​ប្តី​គាត់​បាន​ទាល់តែ​ប្តី​នោះ​យ៉ាប់​ មែនទែន​តា​ម៉ង នេះ​ទស្សនៈខ្ញុំ!


សំណួរ ៖ ចុះតើ​លោកស្រី​ធ្លាប់​ធ្វើ​អោយ​អ្នកណា​មិន​សប្បាយចិត្ត​ដោយសារ​តែ ភាព​រឹងប៉ឹង​របស់​លោកស្រី​ដែរ​ទេ?
ចម្លើយ៖ ក្មួយ​ត្រូវ​ចាំ​ថា មនុស្ស ណា​ក៏​ដោយ​គេ​នឹង​​មិន​សប្បាយចិត្ត​ភ្លាម​ប្រសិន​បើ​យើង​ធ្វើអ្វី​អោយ​ ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​គេ តែ​តួនាទី​ជា​អ្នក​ដឹកនាំ​ពេល​ខ្លះ​វា​គ្មាន​ជម្រើស ទេ !ចូរ​ចាំ ថា​តួនាទី នេះ​មិនមែន​សម្រាប់ តែ​ធ្វើ​អោយ​គេ​​សប្បាយចិត្ត​ទេ​តែ​​ត្រូវ​ការពារ​ផលប្រយោជន៍​ធំ​ផល​ ប្រយោជន៍​អង្គភាព។


សំណួរ ៖ អញ្ចឹង​អ្នកដឹកនាំ​ទាំងឡាយ​ត្រូវយក​មនោសញ្ចេតនា​ក្នុង​ភាព​​ជា​ស្ត្រី​របស់ខ្លួន​ទៅ​ទុក​នៅទីណា​អស់ ទៅ?
ចម្លើយ៖ មិន​ថា​តែ​ភាព ដឹកនាំ មនោសញ្ចេតនា​ចូល​មក​ធ្វើ អី​អត់​បាន​ទាំងអស់ តែ​គឺ​ភាព​ត្រឹមត្រូវ ទេ ដែល​យូរ​អង្វែង ហើយ​មាន​កិត្តិយស។

សំណួរ ៖ អត់ទោសតើ​លោកស្រី​ធ្លាប់​បរាជ័យ​ដែរ​ទេ? បើ​មាន​តើ​ជា​រឿង អ្វី​ដែរ?

ចម្លើយ៖ខ្ញុំ​មាន​តើ! ដូចជា​ជា​មួយ​កូនៗ​មិនសូវ​មាន​ពេល​ជាមួយ​គេ គេ​ក៏​គិត​ថា​ខ្វះ​ភាព​កក់ក្ដៅ !ពី​ដើម​មក​ស្វាមី​ខ្ញុំ​ជា​មនុស្ស​ធ្វើការ​ច្រើន​ដូច​គ្នា មិន​សូវ​មាន​ភាព romantic អី​អញ្ចឹង​ដែរ តែ​មិន​មែន​មានន័យថា​យើង​រស់​ជា​មួយ​គ្នា​អត់​បាន​ទេ!មនុស្ស​យើង​មិន​អាច​ បាន​ទាំង​អស់​ទេ!


សំណួរ ៖ លោកស្រី​ឆ្លងកាត់​អាពាហ៍ពិពាហ៍​​រៀបចំ​អញ្ចឹង​លោកស្រី​គ្រប់គ្រង​កូន​ៗ​ដោយ​វិធី​ណា​ដែរ?
ចម្លើយ៖ ខ្ញុំ ​​អោយ​គេ​រស់នៅ​ជាមួយ​ជំនាន់​របស់​ពួកគេ! គឺ​ឯករាជ្យ​ម្ចាស់ការ​ខ្លួន​គេ! លោកស្រី ធីតា ឃិះ Thida Khus កូន​ប្រុស​ស្រី​បី​នាក់​ដែល​សព្វថ្ងៃ​រស់​នៅ​បរទេស ឯ​លោកស្រី​និង​ស្វាមី​មាន​គេហដ្ឋាន​នៅ​ប្រទេស​កម្ពុជា។ លោកស្រី​ធ្លាប់ ទទួល​បាន​ពានរង្វាន់​ជាច្រើន​ នៅ​ក្នុង​ជីវិត​ដែល​​ចំណាយ​ស្ទើរ​តែ​ទាំង​ស្រុង​ជាមួយ​ការងារ​សង្គម។




ម៉ីសន​ សុធារី